ថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងបុគ្គលសំខាន់២នាក់ក្នុងក្រុមជម្រើសជាតិកម្ពុជា មានលោក អ៊ុក សុធី (Messi) និងលោក ភា សុភ័ត្រា ជាគ្រូជំនួយ ដើម្បីជួយការងារលោកគ្រូបង្វឹកជប៉ុន លោក Ryu Hirose ត្រៀមចេញទៅប្រកួតក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី នៅក្នុងខែមិថុនា ខាងមុខ នៅប្រទេសបារ៉ែន។
ក្រោយទទួលបានការងារឡើងវិញ លោក ភា សុភ័ត្រា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖«ខ្ញុំបាទសូមអរគុណដល់ពុកម៉ែ មិត្តភក្ដិ និងបងប្អូនទាំងអស់គ្នា ដែលបានអបអរសាទរ លើកទឹកចិត្ត និងជូនពរខ្ញុំបាទ ក្នុងការវិលមកកាន់ការងារជម្រើសជាតិវិញ។ ខ្ញុំសូមសន្យាថានឹងប្រឹងប្រែងអោយអស់សមត្ថភាព និងជំនះគ្រប់ឧបសគ្គនានា ដើម្បីអោយទទួលបានសមិទ្ឋផលល្អៗក្នុងឱកាសបំពេញការងារដោយការទទួលខុសត្រូវខ្ពស់មួយនេះ»។
ចំណែកលោក Félix Dalmás អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងធ្លាប់ជាដៃស្ដាំរបស់ Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលធ្លាប់ជ្រើសរើសយកលោក ភា សុភ័ត្រា ជាគ្រូជំនួយកាលលោកនៅកាន់តំណែងបានលើកឡើងថា៖«ជាដំណឹងល្អមួយនៅក្នុងបាល់ទាត់កម្ពុជា។ ជាគ្រូបង្វឹកដ៏ល្អ ជាបុគ្គលដ៏ល្អ។ សូមបន្តធ្វើការងារឱ្យអ្នកគាំទ្រកាន់តែមានមោទកភាព»។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងប្រកាសបញ្ជីឈ្មោះកីឡាករជាផ្លូវការនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ មុនធ្វើដំណើរទៅប្រកួតវគ្គជម្រុះពូល C ជុំទី២ប្រចាំទ្វីប នៅប្រទេសបារ៉ែន ពីថ្ងៃទី៣ ដល់១៥ ខែមិថុនា ឆ្នាំ២០២១ ដោយត្រូវជួបម្ចាស់ផ្ទះនៅថ្ងៃទី៣ មិថុនា ហើយបន្តជួបអ៊ីរ៉ាក់ នៅថ្ងៃទី៧ មិថុនា និងចុងក្រោយជួបក្រុមអ៊ីរ៉ាក់ នៅថ្ងៃទី១១ មិថុនា៕