ប្រធានក្លិបបាល់ទាត់វិសាខា លោកជំទាវ កែ សួនសុភី និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងក្រុមការងារបានអញ្ជើញទស្សនកិច្ចនៅក្នុងបរិវេណពហុកីឡដ្ឋានមរតកតេជោ ដែលជាទីតាំងសម្រាប់ទទួលធ្វើម្ចាស់ផ្ទះកីឡាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
បើតាមការបង្ហោះនៅលើគណនីរបស់លោកជំទាវប្រធានក្លិប នៅព្រឹកថ្ងៃសុក្រនេះ បានកើតសរសើរពីភាពស្រស់ស្អាតនៃពហុកីឡដ្ឋានទាំងមូលរួមទាំងស្មៅនៅលើទីលានប្រកួត។
ពហុកីឡដ្ឋានមរតកតេជោមានទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមអស្ចារ្យសម្រាប់ការប្រកួត ការប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
យ៉ាងណាក្តីក្លិបបាល់ទាត់វិសាខា ក៏មានកីឡដ្ឋានព្រីនស៍ មានមូលដ្ឋាននៅលើទឹកដីខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងតែរៀបចំឱ្យត្រូវស្តង់ដារ ខណៈផែនការមេនឹងគ្រោងរួចរាល់នៅឆ្នាំ២០២៤ ខាងមុខ៕