បន្ទាប់​ពី​ទទួល​បាន​លិខិត​ជូនដំណឹង​ពី​សហព័ន្ធ​កីឡា​បាល់ទះ​ថៃ សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ ( FIVB) បាន​បើក​ភ្លើង​ខៀវ​ឱ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ថៃ រៀបចំ​ផែនការ​ថ្មី ព្រោះ​បញ្ជី​ឈ្មោះ​កីឡា​ការិនី​ដែល​ចុះ​ឈ្មោះ​កន្លង​មក​មាន​រហូត​ដល់​២២នាក់​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ដើម្បី​​បន្ត​សិទ្ធិ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ពិភពលោក 2021 FIVB Volleyball Women’s Nations League។

ពានរង្វាន់ 2021 FIVB Volleyball Women’s Nations Leagueគ្រោង​រៀបចំ​ឡើង​នៅ​ទីក្រុង​ Rimini ប្រទេស​អ៊ីតាលី រៀបចំ​ពី​ថ្ងៃ​ទី​​២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​១៦ក្រុម​មក​ពី​៤ទ្វីប។ ក្រុម​ដែល​ចូលរួម​មាន​ប្រេស៊ីល ចិន អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហុល្លង់ រុស្ស៊ី សែប កូរ៉េខាងត្បូង ទួរគី អាមេរិក បែលហ្សិក កាណាដា​ ដូមីនីកា និង​ប៉ូឡូញ ខណៈ​ថៃ​ សុំ​ដក​ខ្លួន។

សហព័ន្ធ​កីឡា​បាល់ទះ​ថៃ បាន​តែងតាំង​លោក Kittikun Sriutthawong អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បុរស​ថៃ ធ្វើ​ជា​គ្រូ​បង្វឹក​ជំនួស​លោក​ Danai Sriwatcharamethakul ដែល​ជា​គ្រូ​បង្វឹក​ចាស់​​កំពុង​តែ​ធ្វើ​ចត្តាឡឺស័ក ជាមួយ​នឹង​ក្រុម​បាល់ទះ​នារី ឈុត​ចាស់​ដែល​ឆ្លងកូវីដ-១៩។ គ្រូ​បង្វឹក​ជម្រើស​ជាតិ​ថ្មី បាន​កោះហៅ​កីឡា​ការិនី​មួយ​ក្រុម​ដោយ​ឡែក ចំនួន​២៤​នាក់​ផ្សេង​ទៀត​ហ្វឹកហាត់​ចេញ​ទៅ​ប្រកួត​ជំនួស​​ក្រុម​ចាស់។